DSC09794

បី រសជាតិ ពី​ប្រទេស ជប៉ុន កូរ៉េ និង តៃវ៉ាន់ ធ្វើឱ្យ​អេ​លី​ត ហ្វ៊ូ​ដ ទទួលបាន​ការគាំទ្រ ពី​អតិថិជន​កាន់តែខ្លាំង

ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ដោយសារ​តែមាន​ទំនុកចិត្ត​ពី​អតិថិជន កាន់តែច្រើន ឡើងៗ បានធ្វើឱ្យ​ក្រុមហ៊ុន អេ​លី​ត ហ្វ៊ូ​ដ ដែលជា​ក្រុមហ៊ុន​នាំចូល អាហារ​ពេញនិយម មកពី​ប្រទេសក្រៅ ជាពិសេស​ប្រទេស​ជប៉ុន តៃវ៉ាន់ និង កូរ៉េ មក​បើក​បំរើ​អតិថិជន កម្ពុជា ឱ្យបាន​ស្គា​ល់ពី​គុណភាព​ល្អ រសជាតិ​ដើម និង​តម្លៃ​សមរម្យ​ទៀតផង​នោះ បានធ្វើឱ្យ អេ​លី​ត ហ្វ៊ូ​ដ បើក​សាខា​ថ្មី​របស់ខ្លួន ជា​បន្តបន្ទាប់​រហូតដល់ ១៥ សាខា​។ នេះ​បើតាម​ការ បញ្ជាក់​របស់លោក អគ្គនាយក ក្រុមហ៊ុន បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ ជា​ផ្លូវការ អគារ​អាជីវកម្ម​ថ្មី កាលពីពេល​ថ្មីៗ​នេះ​។​

លោក ហង្ស វីឡា ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ ក្រុមហ៊ុន អេ​លី​ត ហ្វ៊ូ​ដ បានលើកឡើង​ថាៈ ភាពជោគជ័យ​របស់​ក្រុមហ៊ុន​នីមួយៗ គឺ​មិនអាច​គ្មាន​ការចូលរួម ខិតខំ​ប្រឹងប្រែង ពី​បុគ្គលិក​គ្រប់ផ្នែក​នោះទេ ហើយ​តែងតែ​ចាត់ទុក​បុគ្គលិក​ទាំងអស់ ជា​គ្រួសារ​តែមួយ រួមដៃគ្នា ដើម្បី​កសាង​សេដ្ឋកិច្ច​គ្រួសារ និង​ចូលរួមចំណែក ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចសង្គម​។​

​លោក​បាន​បញ្ជាក់ថាៈ តួយ៉ាង ក្រុមហ៊ុន អេ​លី​ត ហ្វ៊ូ​ដ ដែលមាន​វត្ត​មាននៅ​កម្ពុជា ជាង ៦ ឆ្នាំ​មកនេះ ពិតជា​មានការ​គាំទ្រ និង​ពេញនិយម ពី​អតិថិជន​គ្រប់​ស្រទាប់ ទូទាំងប្រទេស ដែល​គិត​មកដល់ពេលនេះ បាន​ពង្រីក​សាខា​រហូតដល់​ទៅ ១៥ ទីតាំង និង​មានមុខ​ម្ហូប នាំចូល​មកពី​បណ្តា​ប្រទេស​ជាច្រើន ដូចជា ស៊ុប​មកពី​ប្រទេស​ជប៉ុន សា​រ៉េ មកពី​កូរ៉េ កុង​ឆា ឬ តែ​គុជ មកពី​តៃវ៉ាន់ ពិតៗ​តែម្តង​។ រាល់​មុខម្ហូប និង​ភេសជ្ជៈ​របស់​យើង​គឺ ផ្តោតទៅលើ​គុណភាព សុខភាព និង​សុវត្ថិភាព​អ្នក​បរិភោគ ដោយមាន​ការទទួលស្គាល់ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​កម្រិត​ជាតិ និង​អន្តរជាតិ យ៉ាង​ត្រឹមត្រូវ​។​

ការអះអាង​របស់លោក ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ដូចនេះ បានធ្វើ​ឡើង នៅក្នុង​ពិធី​សម្ពោធ​បើក​សាខា​ថ្មី​ទី​១៥ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។ ក្រៅពីនេះ លោក​បានបញ្ជាក់​ផងដែរ​ថាៈ ក្រុមហ៊ុន​យើង ក៏​គិត​ជា​ចម្បង​ទៅលើ​រស់ជាតិ សេវាកម្ម អនាម័យ ឆ្លើយតប​ទៅនឹង​ការគាំទ្រ របស់​អតិថិជន និង​ការប្រកួតប្រជែង នៅក្នុង​ទីផ្សារ ដ៏​សម្បូរបែប​មួយ​នេះ​។​

​ចំណែក​លោក លោក ចាន់ សំបូរ តំណាង​ក្រុមហ៊ុន អេ​លី​ត ហ្វ៊ូ​ដ ក៏បាន​ឱ្យដឹង​ដែរ​ថាៈ រយៈពេល ៦ ឆ្នាំ កន្លងមកនេះ ក្រោម​កិច្ច​ខិត​ប្រឹងប្រែង របស់​ក្រុមការងារ និង​ក្រុមគ្រួសារ យើង បូករួម​ទាំង សមាជិក​របស់​អេ​លី​ត ហ្វ៊ូ​ដ ទាំងអស់ ទើប​យើង​មាន​ថ្ងៃនេះ​។ យើង​មាន ៣ ប្រេន មាន​បុគ្គលិក​ជាង ២០០ នាក់ កំពុង​បំរើការ​។ អេ​លី​ត ហ្វ៊ូ​ដ តែងតែ​ចាត់ទុក បុគ្គលិក​ទាំងអស់ ជា​សមាជិក​ក្រុមគ្រួសារ ហើយ​យើង​បាន បណ្តុះបណ្តាល ចំណេះ ជំនាញ និង​ការធ្វើ​បដិសណ្ឋារកិច្ច ដល់​បុគ្គលិក​គ្រប់ផ្នែក ដោយ​យក​អេ​លី​ដ​ហ្វូ​៊​ដ ធ្វើជា​ផ្ទះ​ទី​២ របស់ខ្លួន ដើម្បី​កសាង​សេដ្ឋកិច្ច​គ្រួសារ​៕/V​