ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ ដោយសារតែមានទំនុកចិត្តពីអតិថិជន កាន់តែច្រើន ឡើងៗ បានធ្វើឱ្យក្រុមហ៊ុន អេលីត ហ្វ៊ូដ ដែលជាក្រុមហ៊ុននាំចូល អាហារពេញនិយម មកពីប្រទេសក្រៅ ជាពិសេសប្រទេសជប៉ុន តៃវ៉ាន់ និង កូរ៉េ មកបើកបំរើអតិថិជន កម្ពុជា ឱ្យបានស្គាល់ពីគុណភាពល្អ រសជាតិដើម និងតម្លៃសមរម្យទៀតផងនោះ បានធ្វើឱ្យ អេលីត ហ្វ៊ូដ បើកសាខាថ្មីរបស់ខ្លួន ជាបន្តបន្ទាប់រហូតដល់ ១៥ សាខា។ នេះបើតាមការ បញ្ជាក់របស់លោក អគ្គនាយក ក្រុមហ៊ុន បានថ្លែងក្នុងពិធីបើកសម្ពោធ ជាផ្លូវការ អគារអាជីវកម្មថ្មី កាលពីពេលថ្មីៗនេះ។
លោក ហង្ស វីឡា ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន អេលីត ហ្វ៊ូដ បានលើកឡើងថាៈ ភាពជោគជ័យរបស់ក្រុមហ៊ុននីមួយៗ គឺមិនអាចគ្មានការចូលរួម ខិតខំប្រឹងប្រែង ពីបុគ្គលិកគ្រប់ផ្នែកនោះទេ ហើយតែងតែចាត់ទុកបុគ្គលិកទាំងអស់ ជាគ្រួសារតែមួយ រួមដៃគ្នា ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងចូលរួមចំណែក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសង្គម។
លោកបានបញ្ជាក់ថាៈ តួយ៉ាង ក្រុមហ៊ុន អេលីត ហ្វ៊ូដ ដែលមានវត្តមាននៅកម្ពុជា ជាង ៦ ឆ្នាំមកនេះ ពិតជាមានការគាំទ្រ និងពេញនិយម ពីអតិថិជនគ្រប់ស្រទាប់ ទូទាំងប្រទេស ដែលគិតមកដល់ពេលនេះ បានពង្រីកសាខារហូតដល់ទៅ ១៥ ទីតាំង និងមានមុខម្ហូប នាំចូលមកពីបណ្តាប្រទេសជាច្រើន ដូចជា ស៊ុបមកពីប្រទេសជប៉ុន សារ៉េ មកពីកូរ៉េ កុងឆា ឬ តែគុជ មកពីតៃវ៉ាន់ ពិតៗតែម្តង។ រាល់មុខម្ហូប និងភេសជ្ជៈរបស់យើងគឺ ផ្តោតទៅលើគុណភាព សុខភាព និងសុវត្ថិភាពអ្នកបរិភោគ ដោយមានការទទួលស្គាល់ ពីស្ថាប័នមានសមត្ថកិច្ចកម្រិតជាតិ និងអន្តរជាតិ យ៉ាងត្រឹមត្រូវ។
ការអះអាងរបស់លោក ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការដូចនេះ បានធ្វើឡើង នៅក្នុងពិធីសម្ពោធបើកសាខាថ្មីទី១៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។ ក្រៅពីនេះ លោកបានបញ្ជាក់ផងដែរថាៈ ក្រុមហ៊ុនយើង ក៏គិតជាចម្បងទៅលើរស់ជាតិ សេវាកម្ម អនាម័យ ឆ្លើយតបទៅនឹងការគាំទ្រ របស់អតិថិជន និងការប្រកួតប្រជែង នៅក្នុងទីផ្សារ ដ៏សម្បូរបែបមួយនេះ។
ចំណែកលោក លោក ចាន់ សំបូរ តំណាងក្រុមហ៊ុន អេលីត ហ្វ៊ូដ ក៏បានឱ្យដឹងដែរថាៈ រយៈពេល ៦ ឆ្នាំ កន្លងមកនេះ ក្រោមកិច្ចខិតប្រឹងប្រែង របស់ក្រុមការងារ និងក្រុមគ្រួសារ យើង បូករួមទាំង សមាជិករបស់អេលីត ហ្វ៊ូដ ទាំងអស់ ទើបយើងមានថ្ងៃនេះ។ យើងមាន ៣ ប្រេន មានបុគ្គលិកជាង ២០០ នាក់ កំពុងបំរើការ។ អេលីត ហ្វ៊ូដ តែងតែចាត់ទុក បុគ្គលិកទាំងអស់ ជាសមាជិកក្រុមគ្រួសារ ហើយយើងបាន បណ្តុះបណ្តាល ចំណេះ ជំនាញ និងការធ្វើបដិសណ្ឋារកិច្ច ដល់បុគ្គលិកគ្រប់ផ្នែក ដោយយកអេលីដហ្វូ៊ដ ធ្វើជាផ្ទះទី២ របស់ខ្លួន ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ៕/V